20-មេសា-2021 - ម៉ោង 09:11:AM
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនស្រីពៅសម្តេចគឺលោកជំទាវ ហ៊ុន ម៉ាលីស នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយ ដោយសម្តេចទាំងពីរ ចាក់វ៉ាក់សាំងAstra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកសម្តេច នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១នេះ ដោយមានខ្លឹមសារខាងក្រោមនេះ៖ ពីរនាក់បានហើយ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។
លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង
Sinovac។
ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ៕